នៅថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ បានចូលរួមសន្និសីទអន្តរជាតិវេទិការមូលធនអាស៊ាន ACMF ឆ្នាំ២០២២ ស្តីពី “ដំណើរនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ ACMF÷ការលើកកម្ពស់ការងើបឡើងវិញ បរិយាបន្ន និងភាពធន់” ដែលបានរៀបចំឡើងដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាប្រធាននៃវេទិកាទីផ្សារមូលធនអាស៊ាន ដោយសហការគាំទ្រពីធនាគារអភិវឌ្ឍន៌អាស៊ី (ADB)។ សន្និសីទនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន អ.ស.ហ.។
សន្និសីទនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យនិងសវនកម្ម, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត។