នាថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានសហការជាមួយក្រុមហ៊ុន ប្រាយវ័តធ័រ ហាវខូភើស៍ ខេមបូឌា​(PricewaterhouseCoopers Cambodia Ltd) រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ការវិវត្តន៍សវនកម្មផ្ទៃក្នុង សម្រាប់វត្តមានស្តង់ដាថ្មី និងការច្នៃប្រឌិតសម្រាប់អនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។កម្មវិធីសិក្ខាសាលានេះនឹងត្រូវបានរៀបចំឡើងចំនួន ១ ថ្ងៃ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបច្ចេកទេសក្នុងការអនុវត្តការងារសវនកម្មផ្ទៃក្នុងជាពិសេសស្តង់ដា និងនីតិវិធីថ្មីៗពាក់ព័ន្ធនឹងការងារសវនកម្មផ្ទៃក្នុងជូនអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយមានការចូលរួមពីមន្ដ្រីក្រោមឱវាទ អ.ស.ហ. ប្រមាណ ៧៥ រូប។ កម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។