នាថ្ងៃចន្ទ ១៣រោច និងថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ និងទី២១ ខែតុលា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម អមដោយលោកប្រធាននាយកដ្ឋានសវនកម្មទី១ និងលោកអនុប្រធាននាយកដ្ឋានសវនកម្មទី១ បានដឹកនាំមន្រ្តីជំនាញការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ និងការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ ជួបប្រជុំពិភាក្សាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ដើម្បីស្វែងយល់អំពីបរិស្ថានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ ន.អ.ប. និងពិភាក្សាលើសកម្មភាពការងារដែល ន.អ.ប. បាននិងកំពុងអនុវត្ត ក្នុងគោលបំណង ដើម្បីកំណត់នូវហានិភ័យ ប្រធានបទសវនកម្ម និងលក្ខណៈវិនិច្ឆ័យ ដែលត្រូវប្រើប្រាស់សម្រាប់ការវាយតម្លៃ គោលបំណង វិសាលភាព និងដែនកំណត់នៃការធ្វើសវនកម្ម ក៏ដូចជាការរៀបចំផែនការសវនកម្មឆ្នាំ២០២៦ ផងដែរ។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោកស្រី ហេង ច័ន្ទសុភា អគ្គនាយករងនៃ ន.អ.ប. និងលោក សយ ជីវិន អគ្គនាយករងនៃ ន.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. អមដោយថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំជាន់ទី២ នៃទីស្ដីការ អគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….
