នាថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ឧត្តមានុវត្តន៍នៃការគ្រប់គ្រងប្រតិបត្តិការ” ក្រោមអធិបតីភាពរបស់ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កម្មវិធីសិក្ខាសាលានេះនឹងត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ដល់អង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ អំពីឧត្តមានុវត្តន៍នៃការគ្រប់គ្រងប្រតិបត្តិការ ដោយមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បេឡាសន្តិសុខសង្គម សាកលវិទ្យាល័យពាណិជ្ជសាស្រ្ដអេស៊ីលីដា វិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ វិទ្យាស្ថានខេមអេដ និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ៨៩រូប។ សូមបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះ មានការផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមផងដែរ។ កម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។