នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍សវនកម្មទ្រព្យសកម្ម, ការពិនិត្យឡើងវិញលើការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការប្រមូលភាគទាន និងការប្រើប្រាស់ភាគទាន និងការកែសម្រួលប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋានក្រោមឱវាទរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.” ក្រោមការដឹកនាំរបស់ លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ និង អុឹម សុផល ប្រធាននាយកដ្ឋានសវនកម្មទី២ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់នេះនឹងត្រូវបានរៀបចំឡើងរយៈពេល១ថ្ងៃ ក្នុងគោលបំណងពិគ្រោះយោបល់ជាមួយអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យនិងសវនកម្ម, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ៤៥ រូប។ កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់នេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។