នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ., អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយជូនមន្រ្តីក្រោមឱវាទ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ កម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះរៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តផ្សេងៗស្ដីពីការប្រឆាំងអំពើពុករលួយ ដែលប្រព្រឹត្តទៅមានរយៈពេល ១ ថ្ងៃពេញ នៅទីស្នាក់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីមន្រ្តីក្រោមឱវាទនៃ អគ្គលេខាធិការដ្នាន អ.ស.ហ., និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យ និងសវនកម្ម, និយ័តករអាជីវកម្មរចលនវត្ថុ និងបញ្ចាំ, និងមន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សរុបចំនួនប្រមាណ ៦២ រូប។ កម្មវិធីសិក្ខាសាលាបញ្រ្ជាបការយល់ដឹងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។