នាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងមន្ត្រីជំនាញចំនួន ២រូប បានចូលរួមកម្មវិធី “សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤” ដែលជាវេទិកាថ្នាក់ជាតិប្រចាំឆ្នាំ ក្រោមមូលបទ “បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់” របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។ កម្មវិធីនេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ និងសាធារណជន អំពីវឌ្ឍភាព និងបញ្ហាប្រឈម ក៏ដូចជាដើម្បីទទួលបានបទពិសោធន៍ និងធាតុចូលបន្ថែមសម្រាប់បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងស្របតាមឧត្តមានុវត្តន៍ក្នុងតំបន់ និងអន្តរជាតិ។