នារសៀលថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចសវនកម្មទី២។ ជាលទ្ធផលនៃកិច្ចប្រជុំលោកអនុប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែមិថុនាឆ្នាំ២០២៥ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានសវនកម្មទី២។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់។ ជាចុងក្រោយលោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការអនុវត្តការងារផងដែរ។
………………………………….