នាថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខ័ណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មសមិទ្ធកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កម្មវិធីសិក្ខាសាលានេះនឹងត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ អំពីក្របខ័ណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មសមិទ្ធកម្ម ដោយមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យ និងសវនកម្ម, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, បេឡាជាតិសន្តិសុខសង្គម និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ៧៨ រូប។ សូមបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីសិក្ខាសាលានេះ មានការផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការចូលរួមផងដែរ។ កម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។