នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្ដីព្រាងរបាយការណ៍ចំនួន ៤ រួមមាន ៖ ១.សេចក្ដីព្រាងរបាយការណ៍សវនកម្មនៅអគ្គលេខាធិការដ្ឋាន អ.ស.ហ., ២.សេចក្ដីព្រាងរបាយការណ៍សវនកម្មនៅនិយ័តករបរធនបាលកិច្ច, ៣.សេចក្ដីព្រាងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៣ នៅនិយ័តករសន្ដិសុខសង្គម, និង ៤.សេចក្ដីព្រាងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៣ នៅនិយ័តករគណនេយ្យនិងសវនកម្ម។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សវនករទទួលបន្ទុកក្នុងការរៀបចំសេចក្ដីព្រាងរបាយការណ៍ទាំង ៤ និងបានផ្ដល់ការណែនាំបន្ថែមដល់សវនករទទួលបន្ទុកកែសម្រួលលើចំណុចមួយចំនួន។ បន្ថែមពីនេះ គណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការបំភ្លឺរបស់សវនករទទួលបន្ទុកទាំង ៤ និងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីតាមបញ្ញត្តិដែលមានជាធរមាន។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ១២ : ៥០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។