នាថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញាត្តិនៃការអនុវត្តសវនកម្មសមិទ្ធកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កម្មវិធីសិក្ខាសាលានេះនឹងត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធអំពីក្របខណ្ឌបទប្បញ្ញាត្តិនៃការអនុវត្តសវនកម្មសមិទ្ធកម្មដោយមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យនិងសវនកម្ម, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, បេឡាជាតិសន្តិសុខសង្គម, សាកលវិទ្យាល័យពាណិជ្ជសាស្រ្ដអេស៊ីលីដា, វិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ, វិទ្យាស្ថានខេមអេដ និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ៨០ រូប។ សូមបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីសិក្ខាសាលានេះ មានការផ្តល់ជូននូវវិញ្ញាបនបត្រផងដែរ។ កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។