នារសៀលថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការរៀបចំអភិវឌ្ឍន៍កម្មវិធីបញ្ជ្រាបការយល់ដឹង និងការផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ការណែនាំ និងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញដើម្បីកែសម្រួលលើសេចក្តីព្រាងគោលការណ៍ណែនាំខាងលើក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នាវេលាម៉ោង ៤:០០ នាទីរសៀល ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។
