នាថ្ងៃពុធ ១កើត និងថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ និងទី២៣ ខែតុលា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម អមដោយលោកប្រធាននាយកដ្ឋានសវនកម្មទី២ និងលោកអនុប្រធាននាយកដ្ឋានសវនកម្មទី២ បានដឹកនាំមន្រ្តីជំនាញការិយាល័យសវនកម្មទី៣ នៃនាយកដ្ឋានសវនកម្មទី២ និងការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ ជួបប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន (អ.ស.ហ.) ដើម្បីស្វែងយល់អំពីបរិស្ថានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ អ.ស.ហ. និងពិភាក្សាលើសកម្មភាពការងារដែលអគ្គលេខាធិការដ្ឋាន អ.ស.ហ. បាននឹងកំពុងអនុវត្ត ក្នុងគោលបំណង ដើម្បីកំណត់នូវហានិភ័យ ប្រធានបទសវនកម្ម និងលក្ខណៈវិនិច្ឆ័យ ដែលត្រូវប្រើប្រាស់សម្រាប់ការវាយតម្លៃ គោលបំណង វិសាលភាព និងដែនកំណត់នៃការធ្វើសវនកម្ម ក៏ដូចជាការរៀបចំផែនការសវនកម្មឆ្នាំ២០២៦ ផងដែរ។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោក ម៉ី សំអាត ប្រធាននាយកដ្ឋានកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំជាន់ទី១០ នៃទីស្ដីការ អគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….