នាថ្ងៃពុធ ១កើត និងថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ និងទី២៣ ខែតុលា គ.ស.២០២៥ ដោយទទួលបានការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធាន​អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម អមដោយលោកប្រធាន​នាយកដ្ឋានសវនកម្មទី១ និងលោកអនុប្រធាននាយកដ្ឋាន​សវនកម្មទី១ បានដឹកនាំមន្រ្តីជំនាញការិយាល័យ​សវនកម្ម​ទី២ នៃនាយកដ្ឋានសវនកម្មទី១ និងការិយាល័យ​គ្រប់គ្រង​ព័ត៌មានវិទ្យា​នៃនាយកដ្ឋានកិច្ចការទូទៅ ជួបប្រជុំពិភាក្សា​ជាមួយ​និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ដើម្បីស្វែងយល់អំពីបរិស្ថានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ ន.ធ.ក. និងពិភាក្សាលើសកម្មភាពការងារដែល ន.ធ.ក. បាននិង​កំពុង​អនុវត្ត ក្នុងគោលបំណង ដើម្បីកំណត់នូវហានិភ័យ ប្រធានបទសវនកម្ម និងលក្ខណៈវិនិច្ឆ័យ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់ការវាយតម្លៃ គោលបំណង វិសាលភាព និងដែនកំណត់នៃការធ្វើសវនកម្ម ក៏ដូចជា​ការរៀបចំ​ផែនការ​សវនកម្មឆ្នាំ២០២៦ ផងដែរ។ កិច្ចប្រជុំ​ពិភាក្សា​នេះ មានការអញ្ជើញចូលរួមពី លោកស្រី ង៉ាន់ ចរិយា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. អមដោយថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំជាន់ទី៦ និងជាន់ទី៩ នៃទីស្ដីការ អគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….