នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំអន្តរនាយកដ្ឋាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំសវនកម្មធនធានមនុស្ស របស់អង្គភាពសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព និងអង្គប្រជុំ បានកែសម្រួល និងផ្តល់ជាធាតុចូលមួយចំនួនដើម្បីឲ្យសេចក្តីព្រាងគោលការណ៍នេះមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាព​ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មាតីទទួលខុសត្រូវខ្ពស់។