នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែមីនា ឆ្នាំ២០២៤ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានអង្គភាព, ថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់។ ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែមីនា និងប្រចាំត្រីមាសទី១ឆ្នាំ២០២៤ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានក្រោមឱវាទ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់។ ជាចុងក្រោយឯកឧត្តមប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការអនុវត្តការងារផងដែរ។