នារសៀលថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ,ប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៣ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែមិថុនា ឆ្នាំ២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានអង្គភាព, ថ្នាក់ដឹកនាំប្រធាននាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់។ ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែមិថុនា, ត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៣ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានក្រោមឱវាទ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅត្រីមាសបន្ទាប់ផងដែរ។ ជាចុងក្រោយឯកឧត្តមប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារអស់ពីកំលាំងកាយចិត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។