នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងប្រចាំ ៩ខែ ឆ្នាំ២០២២ របស់អង្គភាពសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំនេះ មានការចូលរួមពី អនុប្រធានអង្គភាព, ថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាពសវនកម្មផ្ទៃក្នុង បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី៣ និងប្រចាំ ៩ខែ ឆ្នាំ២០២២ ព្រមទាំងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានក្រោមឱវាទ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅត្រីមាសបន្ទាប់ដើម្បីសម្រេចឱ្យបាននូវលទ្ធផលការងារតាមផែនការដែលបានកំណត់។ ជាចុងក្រោយឯកឧត្តមប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារអស់ពីកំលាំងកាយនិងចិត្តប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។