នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបាន ចូលរួមពិធីបើក “សប្តាហ៍គាំពារសង្គម” ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ កម្មវិធី ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតនេះ ជាផ្នែកមួយនៃការពង្រឹងយន្តការអភិបាលកិច្ចល្អក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដោយអនុលោមតាមការចង្អុលបង្ហាញរបស់ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” និង “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣” របស់រាជរដ្ឋាភិបាល។