នារសៀលថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងលោក នួន សំរតនា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅបានចូលរួមដោយផ្ទាល់ និងមន្រ្តីជំនាញបានចូលរួមតាមរយៈប្រព័ន្ធសន្និសីទវីដេអូ ZOOM ក្នុងពិធី “ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS , ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥ដំបូង” ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនៃអង្គភាពក្រោមឱវាទ ក.ស.ហ.វ., មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ព្រមទាំងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់។