នាថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយមន្រ្តីជំនាញ បានចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់នេះ សម្តេចអគ្គមហាសេនាបតីតេជោ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គប្រតិបត្តិករនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម:
ទី១. ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន
ទី២. ត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការត្រៀមរៀបចំគ្រប់ជ្រុងជ្រោយដើម្បីធានាឱ្យបាននូវការអនុវត្តជាមូលដ្ឋាននូវថវិកាពត៌មានសមិទ្ធកម្មនៅឆ្នាំ២០២៦ខាងមុខ ស្របតាមគោលដៅកំណត់នៃយុទ្ធសាស្ត្រនៃការកែទម្រង់ថវិកាជាតិរបស់រាជរដ្ឋាភិបាល
ទី៣. ត្រូវបន្តពង្រឹងយន្តការសម្របសម្រួល សង្គតិភាព និងភាពប្រទាក់ក្រឡាគ្នារវាងកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល
ទី៤. ត្រូបបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យឌីជីថល
ទី៥. ត្រូវបន្តប្រកាន់ភ្ជាប់នូវអភិក្រមការងារ “ឆ្លុះកញ្ចក់,ងូតទឹក,ដុះក្អែល,ព្យាបាល និងវះកាត់”
ទី៦. ត្រូវផ្តល់សារៈសំខាន់លើការពង្រឹងភាពជាថ្នាក់ដឹកនាំនៅក្នុងគ្រប់កម្រិត និងជាពិសេសក្នុងកម្រិតថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន និងអង្គភាព
ទី៧. ត្រូវប្រកាន់យកគោលការណ៍គុណភាព សមត្ថភាព និងគុណណាធិបតេយ្យជាវប្បធម៌ការងារ ពិសេសនៅក្នុងការគ្រប់គ្រងធនធានមនុស្ស និង
ទី៨. ត្រូវពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៅគ្រប់កម្រិត និងឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងនៃអង្គភាពក្រោមឱវាទ ក.ស.ហ.វ., មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ព្រមទាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់