នារសៀល ថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ) និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.បានរៀបចំកម្មវិធីបើកដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ការរៀបចំកម្មវិធីនេះ មានគោលបំណងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ អ.ស.ហ. ស្ថាប័នពាក់ព័ន្ធនានា និងសាធារណជនអំពីការបើកដាក់ឱ្យដំណើរការនូវគេហទំព័រផ្លូវការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយគេហទំព័រនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិបាលកិច្ចល្អ ព្រមទាំងបង្កើននូវជំនឿទុកចិត្តដល់អ្នកចូលរួមក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដូចជាផ្សព្វផ្សាយព័ត៌មាន ព្រឹត្តការណ៍នានា ច្បាប់និងបទបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដល់សាធារណជន។
កម្មវិធីបើកដាក់ឱ្យដំណើរការនូវគេហទំព័រនេះ មានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋាននៃ ក.ស.ហ.វ តំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ ក.ស.ហ.វ តំណាងអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងតំណាងនិយ័តករក្រោមឨវាទ អ.ស.ហ. ផងដែរ។