ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាថ្ងៃព្រហស្បតិ៍ ៣កេីត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ អង្គភាពសវនកម្មផ្ទៃក្នុងនៃ (អ.ស.ហ.) បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តប្រកាសស្ដីពីក្រមសីលធម៌វិជ្ជាជីវ:សម្រាប់ សវនករ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងកំណត់ នូវការប្រតិបត្តិគោលការណ៍គ្រឹះនៃក្រមសីលធម៌ យន្តការ នីតិវិធី ក្នុងការវាយតម្លៃការប្រតិបត្តិគោលការណ៍គ្រឹះនៃក្រមសីលធម៌ កាតព្វកិច្ចប្រតិបត្តិ និងវិធានការវិន័យចំពោះសវនកររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដេីម្បីទទួលបាននូវសេចក្ដីថ្លៃថ្នូ សមត្ថភាព វិជ្ជាជីវៈ និងគុណភាព នៃការធ្វេីសវនកម្មព្រមទាំងលេីកតម្កេីនសីលធម៌ក្នុងវិជ្ជាជីវ:សវនកម្ម។
កម្មវិធីសិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករធានារ៉ាប់រងកម្ពុជនិយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ កម្មវិធីសិក្ខាសាលានេះបានបញ្ចប់ប្រកបដោយផ្លៃផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។