នាព្រឹក ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ) និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីរៀបចំរបាយការណ៍សវនកម្មឌីជីថលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ការរៀបចំកម្មវិធីនេះ មានគោលបំណងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ អ.ស.ហ. ស្ថាប័នពាក់ព័ន្ធនានា និងសាធារណជនអំពីការដាក់ឱ្យដំណើរការនូវកម្មវិធីរៀបចំរបាយការណ៍សវនកម្មឌីជីថលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយកម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងពន្លឿននៃការរៀបចំរបាយការណ៍សវនកម្ម ព្រមទាំងជួយសម្រួលដល់ការងារសវនកម្មរបស់សវនករទទួលបន្ទុកឱ្យបានកាន់តែឆាប់រហ័សប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

កម្មវិធីបើកដាក់ឱ្យដំណើរការនូវកម្មវិធីនេះ មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ ក.ស.ហ.វ តំណាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាងបេឡាជាតិសន្តិសុខសង្គម តំណាងអគ្គិសនីកម្ពុជា តំណាងអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងតំណាងនិយ័តករក្រោមឱវាទ អ.ស.ហ. ផងដែរ។