ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. អមដោយឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។
ជាលទ្ធផល អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានសម្រេចនូវការងារទៅតាមផែនការសកម្មភាពដែលបានដាក់ចេញទាំងស្រុងក្នុងឆ្នាំ២០២៣ ព្រមទាំងសម្រេចបាននូវការងារសំខាន់ៗក្រៅផែនការមួយចំនួនផងដែរ។ ជាមួយគ្នានេះផងដែរ កិច្ចប្រជុំនេះបានជជែកយ៉ាងផុសផុលទៅលើសកម្មភាពការងារលម្អិតដែលជាទិសដៅត្រូវអនុវត្តក្នុងឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។
កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អ និងស្មារតីទទួលខុសត្រូវខ្ពស់។