នាថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ឧត្តមានុវត្តន៍នៃការគ្រប់គ្រងអនុលោមភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កម្មវិធីសិក្ខាសាលានេះនឹងត្រូវបានរៀបចំឡើងចំនួន ៣ ថ្ងៃ ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងដល់អង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ អំពីឧត្តមានុវត្តន៍នៃការគ្រប់គ្រងអនុលោមភាព ដោយមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័យករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ៦០ រូប។ សូមបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីសិក្ខាសាលានេះ តម្រូវឱ្យសិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការប្រឡងតេស្ត និងមានការផ្តល់ជូននូវវិញ្ញាបនបត្រផងដែរ។ កម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។