នាថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទានប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កម្មវិធីសិក្ខាសាលានេះនឹងត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ ដោយមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បេឡាជាតិសន្តិសុខសង្គម អគ្គិសនីកម្ពុជា និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុង សរុបចំនួនប្រមាណ ៧៦ រូប។ កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។