នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១៥ អាណត្តិទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. តាមរយៈប្រព័ន្ធ (Zoom) លើរបៀបវារៈចំនួន ៤ ដែលក្នុងនោះ “សេចក្ដីព្រាងផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្រាប់រយៈពេល ១០ ឆ្នាំ (២០២១-២០៣០)” ជារបៀបវារៈទី៣ នៃកិច្ចប្រជុំ។ បន្ទាប់ពី ឯកឧត្តមប្រធាន បានធ្វើបទបង្ហាញជូនអង្គប្រជុំលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្រាប់រយៈពេល ១០ ឆ្នាំ (២០២១-២០៣០) រួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍នេះឡើង និងបានផ្តល់ជាអនុសាសន៍កែលម្អបន្ថែម។ ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានអនុម័តឱ្យអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ហ.ស. យកទៅកែសម្រួលសេចក្តីព្រាងផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្រាប់រយៈពេល ១០ ឆ្នាំ (២០២១-២០៣០) ទៅតាមអនុសាសន៍ដែលបានផ្តល់ជូន ដើម្បីឱ្យសេចក្តីព្រាងផែនការអភិវឌ្ឍន៍នេះកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយសម្រាប់ទុកជាគំរូ។