នារសៀលថ្ងៃចន្ទ ៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុង និងសហការី បានជួបពិភាក្សាជាមួយអ្នកជំនាញការសវនកម្មនៃធនាគារពិភពលោក (World Bank) ដើម្បីពិនិត្យ និងផ្តល់យោបល់លើបទប្បញ្ញត្តិចំនួនបីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.រួមមាន ប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីសវនកម្មប្រតិបត្តិការ, សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីសវនកម្មប្រតិបត្តិការ និងឧត្តមានុវត្តន៍នៃការគ្រប់គ្រងសវនកម្មប្រតិបត្តិការ និងវគ្គបណ្តុះបណ្តាលជូនសវនករស្តីពីការធ្វើសវនកម្មប្រតិបត្តិការ។ កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅប្រកបដោយកិច្ចសហប្រតិបត្តិការល្អ និងផ្លែផ្កាខ្ពស់។