នាថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពីឧត្តមានុវត្តន៍នៃការគ្រប់គ្រងអនុលោមភាពរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ សិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះនឹងត្រូវរៀបចំឡើងចំនួន ៣ ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយដល់មន្ត្រីរបស់អង្គភាពក្រោមឱវាទ អ.ស.ហ. អំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអនុលោមភាពរបស់អង្គភាព និងវិធីសាស្ត្រដែលនាំទៅដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពសន្សំសំចៃនៃការប្រើប្រាស់ធនធានរបស់ស្ថាប័នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព សិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.សរុបប្រមាណ ៨២ រូប។ សូមបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីសិក្ខាសាលានេះ តម្រូវឱ្យសិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការប្រឡងតេស្ត និងមានការផ្តល់ជូននូវវិញ្ញាបនបត្រសម្រាប់សិក្ខាកាមដែលទទួលបានជោគជ័យក្នុងការប្រឡងតេស្តផងដែរ។ សិក្ខាសាលាបញ្ជ្រាបការយល់ដឹងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។