នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃទីស្តីការ អ.ស.ហ.។

ក្នុងឱកាសនេះ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរាយការណ៍អំពីស្ថានភាពធនធានមនុស្ស រចនាសម្ព័ន្ធ និងលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងផែនការសកម្មភាពត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។

ជាកិច្ចបញ្ចប់ ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. គ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើការអនុវត្តការងារក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជូនពរថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕