នៅថ្ងៃព្រហស្បតិ៍ ១០រោច និងថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) កញ្ញា ឌុំ ផានិត ប្រធានការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ និងជាប្រធានក្រុមការងារនារីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយកញ្ញា សុធី មេត្តា មន្ត្រីជំនាញការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ បានអញ្ជើញចូលរួមកម្មវិធី “វិបស្សនាបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រឆ្នាំ២០២៦ និងបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ និងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់ដឹងក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និងចីរភាព និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងលោក លោកស្រីតំណាងមកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ។
