នារសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំបកប្រែឯកសារផ្លូវការជាភាសាអង់គ្លេសដើម្បីត្រួតពិនិត្យលើការបកប្រែ “សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីតាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាពរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ជាភាសាអង់គ្លេស ដោយមានការចូលរួមពីសមាជិកនៃក្រុមការងាររៀបចំបកប្រែឯកសារផ្លូវការជាភាសាអង់គ្លេស។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានធ្វើការត្រួតពិនិត្យ ផ្ដល់ការណែនាំ និងកែសម្រួលលើពាក្យពេចន៍បច្ចេកទេសនៅក្នុង “សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីតាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាពរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ជាភាសាអង់គ្លេស។ កិច្ចប្រជុំនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។