នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) សហការជាមួយក្រុមហ៊ុន ខេ ភី អឹម ជ្ជី ខេមបូឌា (KPMG Cambodia Ltd) កម្មវិធីបណ្តុះបណ្តាលស្តីពី “ស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈ (IPSAS) ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងជាប់ពាក់ព័ន្ធនឹងការអនុវត្តស្តង់ដារគណនីសម្រាប់វិស័យសាធារណៈ ដោយផ្តោតលើការកត់ត្រា លំហូរសាច់ប្រាក់ចូល លំហូរសាច់ប្រាក់ចេញ ការប្រៀបធៀបរវាងគម្រោងថវិការជាមួយនិងលំហូរសាច់ប្រាក់ចូល នឹងលំហូរសាច់ប្រាក់ចេញ និងការកំណត់រកសមតុល្យសាច់ប្រាក់ចុងគ្រា ការបណ្តុះបណ្តាលក៏ផ្តោតផងដែរលើទិដ្ឋភាពនៃការបង្ហាញព័ត៌មានជាប់ពាក់ព័ន្ឋនិងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តីក្រោមឱវាទ អ.ស.ហ. រួមមាន៖ និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងមន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ៧០ រូប។ កម្មវិធីបណ្តុះបណ្តាលនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីអង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។